ការប្រកបមុខរបរជួសជុលកុំព្យូទ័រជាមុខរបរមួយដែលកម្រហើយលំបាក និងត្រូវការដើមទុនជាច្រើន តែបែរជាមានយុវជនម្នាក់បានខិតខំប្រឹងប្រែងតាំងពីបាតដៃទទេរហូតមានហាងផ្ទាល់ខ្លួនមួយ។ តើមានឧបសគ្គអ្វីខ្លះដែលធ្វើឲ្យយុវជនរូបនេះអាចពុះពារបានបែបនេះ?

យុវជន ប៊ុន បញ្ញារុង មានស្រុកកំណើត នៅ ភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ។ ក្រោយប្រលងបាក់ឌុបនៅវិទ្យាល័យសុខអានទន្លេបាទីក្នុងឆ្នាំ ២០០៩ រួចមក បញ្ញារុង បានចូលបម្រើការងារផ្នែកជួសជុលកុំព្យូទ័រដោយស្ម័គ្រចិត្តនៅហាងលក់កុំព្យូទ័រមួយកន្លែងនៅផ្លូវកម្ពុជាក្រោមក្នុងទីក្រុងភ្នំពេញ និង បន្តការសិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ផ្នែកព័ត៌មានវិទ្យា។
មូលហេតុដែល បញ្ញារុង រៀនបណ្តើរនិងធ្វើការបណ្ដើរតាំងពីឆ្នាំទី១ គឺដោយសារមានការខ្វះខាតក្នុងជីវភាពគ្រួសារ ដែលមិនសូវធូរធារដូចគេ។
យុវជនរូបនេះប្រាប់ថា ៖” មកភ្នំពេញដំបូងធ្វើការឲ្យគេដោយស្ម័គ្រចិត្ត មិនទទួលបានកម្រៃអ្វីឡើយ។ ប៉ុន្តែម្ចាស់ហាងគេអាណិតស្រលាញ់និងមើលឃើញពីការប្រឹងប្រែងធ្វើការ ទើបគេបានផ្តល់ប្រាក់លើកទឹកចិត្តខ្លះៗ សម្រាប់សម្រួលការចាយវាយប្រចាំថ្ងៃ”។
ការរសាត់ខ្លួនផ្សងព្រេងមករស់នៅទីក្រុងដ៏ស៊ីវិល័យ និងជាពិភពថ្មីសម្រាប់យុវជនមកពីជនបទដូចជាបញ្ញារុង ពិតជាមិនងាយស្រួលនោះទេ ហើយចៀសមិនផុតពីការប្រឈមមុខដោយចៀសមិនផុត។
“ពេលខ្ញុំចូលសកលវិទ្យាល័យ ឪពុកម្ដាយខ្ញុំបានសន្សំប្រាក់បន្តិចបន្តួចដើម្បីបង់ខ្ញុំចូលរៀន ដូចនេះខ្ញុំបានខិតខំធ្វើការ និងបានសន្សំប្រាក់ម្ដងបន្តិចៗរហូតបានសល់ប្រាក់បង់រៀនរហូតដល់ឆ្នាំទី៤”។
រយៈពេល ២ ឆ្នាំដែលបញ្ញារុង បានចំណាយពេលធ្វើការនៅហាងលក់កុំព្យូទ័រនោះ បញ្ញារុង អាចចេះជួសជុល Software បានស្ទើរគ្រប់ប្រភេទនៃកុំព្យូទ័រ ប៉ុន្តែ Hardware ចេះបន្តិចបន្តួច ។ ក្នុងការបំពេញកិច្ចការងារប្រចាំ បញ្ញារុង បានជួបការលំបាកដោយអន្លើៗ ដោយសារតែជាការងារថ្មីស្រលាងសម្រាប់គេ ហើយធម្មតាកូនជាងតែងតែមេស្តីបន្ទោសឲ្យតែមិនជាបញ្ហាធំដុំទេ ។ ជាងនេះទៅទៀត បញ្ញារុង ត្រូវប្រឈមមុខនឹងអតិថិជនខ្លះដែលគេតឹងរឹង ដោយសារយើងដោះដូរបាត់ខ្ចៅគេឫសឹកខ្ចៅមួយចំនួនរបស់កុំព្យូទ័រគេ ពេលនោះហើយដែល បញ្ញារុង ត្រូវរងនូវការស្ដីបន្ទោសពីអតិថិជន និង ពីម្នាស់ហាងផងដែរ ។ អ្វីដែលធ្វើឲ្យលំបាកខ្លាំងសម្រាប់ បញ្ញារុង គឺធ្វើការរហូតដល់យប់ហើយ ថ្ងៃខ្លះ លោកមិនបានទៅរៀនទេដោយត្រូវការបង្ហើយការងារ ។
ជាងនេះទៅទៀតពេលមកភ្នំពេញដំបូង បញ្ញារុង បានស្នាក់នៅជាអ៊ុំអស់រយៈពេល ៥ ខែដំបូង និងបានចាកចេញទៅស្នាក់នៅផ្ទះជួលតែម្នាក់ឯង។ បញ្ញារុង បានប្រាប់ពីមូលហេតុថា ដោយសារពេលខ្លះត្រូវទៅផ្ទះយប់ព្រោះត្រូវចេញពីរៀននៅម៉ោង ៨ និង ៣០ នាទីយប់ ទម្រាំតែដល់ផ្ទះក្បែរ ៩ និង ៣០ នាទីយប់ ។
ការរស់នៅខាងក្រៅនេះធ្វើឲ្យ បញ្ញារុង ត្រូវចំហាយខ្លាំងបន្ថែមទៀតតែលោកនៅតែដោះស្រាយបាន ហើយពេលខ្លះអាចរកលុយបានក្រៅពីមិត្តភក្តិដែលរៀនជាមួយគ្នា ដោយជួយជួសជុលកុំព្យូទ័រ ។ បញ្ញារុងបន្តថា គេមិនដែលគិតថាចង់បានលុយពីមិត្តភ័ក្ដិទេ ដោយការរាប់អាននឹងការអាណិតពីមិត្តភ័ក្ដិពួកគេតែងតែបង្ខំឲ្យលោកទទួលយក។
ក្រោយចំណាយ ២ឆ្នាំក្នុងការធ្វើការស្ម័គ្រចិត្ត បញ្ញារុង បានទៅសុំធ្វើការនៅ Phea Technology នៅផ្គុំបាក់ទូកដោយបានប្រាក់កម្រៃ ១២០ ដុល្លារក្នុងមួយខែ។ បញ្ញារុងថា មូលហេតុដែលមកកាន់កន្លែងថ្មីដោយសារសម្លឹងឃើញថា ជាកន្លែងដែលជួសជុល Hardware សុទ្ធសាធ អាចជួយពង្រឹងចំណេះដឹងផ្នែក Hardware ផងដែរ។
បញ្ញារុង បានបន្ថែមថា ៖” ខ្ញុំមកកាន់កន្លែងថ្មីខ្ញុំតម្រូវធ្វើដោយខ្លួនឯងដោះដូរគ្រឿងដោយខ្លួនឯង ទំនាក់ទំនងទិញគ្រឿងដោយខ្លួនឯង និង អារកាត់តម្លៃពីអតិថិជនដោយខ្លួនឯង ។ ដោយអ្វីៗខ្ញុំបានរៀបចំដោយខ្លួនឯងនិងមានការណែនាំពីម្ចាស់ហាងផង នេះជាឱកាសដែលធ្វើឲ្យខ្ញុំបានចេះនិងបណ្ដុះគំនិតរកស៊ី និងជាឱកាសដែលខ្ញុំមានសមត្ថភាពអាចបើកហាងមួយដោយខ្លួនឯងបានហើយ “។
បញ្ញារុង បានអះអាងថា គេបានសន្សំប្រាក់កម្រៃបន្តិចម្ដងៗរហូតដល់សល់លុយខ្លះអាចបើកកន្លែងជួសជុលកុំព្យូទ័រមួយ ដោយចូលហ៊ុនជាមួយមិត្តភក្តិម្នាក់ទៀតដំណើរការជាធម្មតាមកដល់សព្វថ្ងៃ ដែលមាននៅទីតាំងនៅ ផ្លូវ ១៣២ សង្កាត់ទឹកល្អក់១ ផ្ដុំសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងមានអតិថិជនដែលធ្លាប់យកឲ្យគាត់ធ្វើបានបន្តយកមកធ្វើទៀតពេលមានបញ្ហាផ្សេងៗ។
ក្នុងការបើកហាងជួសជុលនេះ បញ្ញារុង ថា មានហាងធំៗខ្លះបានយកឲ្យកន្លែងគេធ្វើ និងយកតម្លៃថោកជាងតម្លៃហាង។ ជាងនេះទៅទៀតលោកនឹងមានគម្រោងបើកបង្រៀនជួសជុលដល់អ្នកដែលស្រលាញ់ផ្នែកជួសជុលកុំព្យូទ័រទាំង Hardware និង Software ផងដែរនាពេលអនាគត។
ដើម្បីជាការចែករំលែក បញ្ញារុង បានផ្តាំថា មនុស្សម្នាក់ៗមិនមែនចេះដោយមិនរៀនទេ ហើយការធ្វើការឫរកស៊ីមិនមែនមានភ្លាមទេ សុទ្ធតែខំប្រឹងដោយខ្លួនឯង។ បញ្ញារុង បន្តថា សូមកុំរើសអើងមុខរបរអី ឲ្យតែសុចរិតត្រឹមត្រូវ ជារឿងល្អហើយ៕

ប្រភព : http://news.sabay.com.kh/articles/490368
No comments :
Post a Comment